នាថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ទទួលអំណោយស្បៀងអាហារ និងភេសជ្ជៈពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តោយព្រំដែន តាមរយៈក្រសួងព័ត៌មាន។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយពី ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន និង វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាននៅតាមព្រំដែនកម្ពុជា។
អំណោយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជូនក្រសួងព័ត៌មាន រួមមាន ÷ អង្ករ៤តោន, ទឹកសុទ្ធវីអាក់ទីវ១០០កេស, ភេសជ្ជ:គ្រុឌកូឡា១០០កេស, ភេសជ្ជ:វីអាក់ទីវ១០០កេស, មីជាតិ១០០កេស , ទឹកត្រី២០០យួរ,និងទឹកស៉ីអ៉ីវ ២០០យួរ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក្នុងនាមឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក ព្រមទាំ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំងសប្បុរសជនតាមរយៈអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ផ្តល់ជំនួយជាស្បៀងអាហារ និងភេសជ្ជៈ មកក្រសួងព័ត៌មាន ជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតាមព្រំដែន។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បញ្ជាក់ថា រាល់អំណោយដែល ឯកឧត្តម លោកជំទាវ ឧកញ៉ា និងសប្បុរសជនផ្តល់ដល់ក្រសួងព័ត៌មាន គឺត្រូវបាន ឯកឧត្តម រដ្ឋមន្ត្រី បែងចែក ដឹកជញ្ជូនដល់គោលដៅជំរំភៀសសឹក តាមបណ្តាខេត្តនានា ជូនទៅដល់វីរកងទ័ពនៅសមរភូមិមុខជាបន្តបន្ទាប់។ដូច្នេះការចូលរួមផ្តល់នូវអំណោយពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅខាងក្រោយ ទៅដល់សមរភូមិមុខ បញ្ជាក់ពីទឹកចិត្តដ៏ធំធេង បង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិនិងជាការគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ជាខឿនការពារជាតិដ៏រឹងមាំ។
ឯកឧត្តម ឃឹម វុទ្ធី ជម្រាបជូនថា អំណោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា គៀងគរពីដៃគូសហការ និងបណ្តាសប្បុរសជននានាដេីម្បីចូលរួមចំណែកជួយទ្រទ្រង់សកម្មភាពដ៏ប្រពៃរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សម្រាប់សកម្មភាពការងារមនុស្សធម៍ ជួយសមរភូមិមុខ និងជនភៀសសិក ព្រមទាំង ការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់៕






