សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

-រសៀលថ្ងៃចន្ទទី៨ខែមិថុនាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ខែមិថុនាឆ្នាំ២០២៦ នារដ្ឋធានីហាណូយប្រទេសវៀតណាម។
-ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយថាមវ័ន្ត និងការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាលើគ្រប់វិស័យ​ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា សម្រេចបាននូវលទ្ធផលជោគជ័យ និងការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមក៏បានសម្ដែងនូវការគាំទ្រដល់ការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយឯកឧត្តមបានគូសបញ្ជាក់ថា ភាគីវៀតណាមបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ព្រមទាំង សម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា នឹងត្រូវបានបន្តលើកកម្ពស់បន្ថែមទៀត។
-ឯកឧត្តមប្រធានរដ្ឋសភា សម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំង គូសបញ្ជាក់អំពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
-ជាការឆ្លើយតប សម្ដេចធិបតីបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និង ឆ្នាំ២០៤៥។
-សម្ដេចធិបតីបវរនាយករដ្ឋមន្ត្រី សម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិត​ និងការជួបពិភាក្សាគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំស្ថាប័ន​នីតិប្បញ្ញាតិ​ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរជាតិនានា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
-សម្ដេចធិបតីបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន ៖ សេដ្ឋកិច្ច ,ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំង ការពង្រីកជើងហោះហើរបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។
-សម្តេច​ធិបតី​បវរនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ឯកភាពគ្នាថា ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ៕
◇MPNផ្សាយបន្ត !!!

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News