-នាព្រឹកថ្ងៃព្រហស្បតិ៍ទី១ខែតុលា ឆ្នាំ២០២៦ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ពោធិសាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពីលោក ជាំង ណាន (Mr. JIANG Nan) ភារធារី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា ,រដ្ឋសភា និងរាជរដ្ឋាភិបាល។
-អញ្ជើញចូលរួមពិធីឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ,អាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើន ក្នុងខេត្តពោធិសាត់។
-ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប១៩៨,៥១៨គីឡូម៉ែត្រ បញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង។
-ការសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត២គន្លងសំរាប់ទៅមក ផ្លូវជាតិលេខ១០ជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន៣ ខេត្តបាត់ដំបង ,ខេត្តពោធិ៍សាត់ និងខេត្តកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំង តភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗផងដែរ។ការតភ្ជាប់កាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន ដូចជាពីខេត្តបាត់ដំបងទៅខេត្តកោះកុងចំណេញ៣០៦គីឡូម៉ែត្រ និងពីខេត្តប៉ៃលិនទៅខេត្តកោះកុងចំណេញ ៣៧២គីឡូម៉ែត្រ។ខ្សែផ្លូវកសាងថ្មីបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សម្រួលដល់ការដឹកជញ្ជូនផលិតផលទំនិញ កសិកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។
-ផ្លូវជាតិលេខ១០រួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញផងដែរ។ល។





























