សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

សិស្សមេធាវីជំនាន់ទី២០ ចំនួន​៣៦រូប ធ្វើ​សច្ចា​ប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ នៅ​ចំពោះ​មុខសាលាឧទ្ធរណ៍​ភ្នំពេញ​

-រសៀល ថ្ងៃអង្គារ ១១កើត ខែភទ្របទ​ ឆ្នាំ​មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹងថ្ងៃទី២២ ខែកញ្ញា​ឆ្នាំ​២០២៦ លោកមេធាវី សាំង​ វណ្ណៈ​ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា​ បានអញ្ជើញដឹកនាំសិស្សមេធាវីជំនាន់ទី២០ ចំនួន​៣៦រូប ធ្វើ​សច្ចា​ប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ នៅ​ចំពោះ​មុខសាលាឧទ្ធរណ៍​ភ្នំពេញ​។
-លោកប្រធាន​បាន​ជម្រាបជូនក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និងតំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ អំពី​ការ​បណ្តុះ​បណ្តាល​របស់​សិស្ស​មេធាវី​ជំនាន់​ទី​២០ រហូត​ទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងការសម្រេច​អនុញ្ញាត​ឱ្យ​សិស្ស​មេធាវី​ជំនាន់​ទី​២០ ចំនួន​៣៦រូប ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី។
-លោកប្រធាន​ ផ្ដាំផ្ញើដល់សិស្សមេធាវីជំនាន់ទី២០ ឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវវិធានវិជ្ជាជីវៈមេធាវី ប្រកបដោយ​ភាព​ស្មោះត្រង់​ សេចក្តី​ថ្លៃថ្នូរ​ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ដើម្បី​ចូលរួម​ជាចំណែកមួយក្នុងការលើកកម្ពស់វិបុលភាពនៃវិជ្ជាជីវៈមេធាវី នៅកម្ពុជា។
-សិស្ស​មេធាវីជំនាន់ទី២០ បានប្រឡងជាប់ជាស្ថាពរនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ​២០២៥ និងចាប់ផ្ដើមទទួលការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី កាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៥។ការបណ្ដុះបណ្ដាលមានរយៈពេល១ឆ្នាំ ដោយមានកម្មវិធីសិក្សាសំខាន់ៗដូចជា ÷ ការសិក្សាលើផ្នែកទ្រឹស្ដីច្បាប់ វិធាន​វិជ្ជាជីវៈ​មេធាវី ការអនុវត្ត​ជាក់ស្តែង​ ការធ្វើទស្សនកិច្ច​សិក្សា​ និងការបោះជំរំសិក្សា។ក្រោយ​ពីបញ្ចប់​ការ​សិក្សា​ សិស្ស​មេធាវី​ជំនាន់​ទី​២០ ក៏ប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី និងទទួលបានលទ្ធផលស្ថាពរកាលពីថ្ងៃទី២៧ខែកក្កដា​ឆ្នាំ២០២៦កន្លងមក។ល។

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News