-រសៀលថ្ងៃពុធទី១៣ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត អញ្ជើញដឹកនាំកម្លាំងចម្រុះរួមមាន លោកស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំង កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្តកំពត ចុះបង្ក្រាបបទល្មើសនៅទីតាំងសិប្បកម្មវេចខ្ចប់ស្ករសបន្លំក្លែងក្លាយដែលខុសច្បាប់ នៅទីតាំងស្ថិតក្នុងភូមិកំពង់ត្នោតឃុំកូនសត្វស្រុកទឹកឈូខេត្តកំពត។
-ឯកឧត្តមអភិបាលខេត្តដឹកនាំ ប្រតិបត្តិការ កម្លាំងចម្រុះរកឃើញភស្តុតាងនៃសកម្មភាពល្មើសច្បាប់ម្ចាស់ទីតាំងលួចបន្លំផ្លាស់ប្តូរសំបកបាវស្ករសដែលមានអក្សរថៃប្រភពដើម រៀបចំច្រកក្នុងសំបកបាវថ្មីដែលមានអក្សរវៀតណាមវិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញចេញលក់នៅលើទីផ្សារ។
-ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តណែនាំនូវវិធានការម៉ឺងម៉ាត់គឺគ្មានការលើកលែងបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវតែទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់គ្នា រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។សមត្ថកិច្ចក៏បានហៅអ្នកដែលមកទិញស្ករសនៅទីតាំងក្កែងបន្លំ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺដើម្បីស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត។បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តដើម្បីកសាងសំណុំរឿង ធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ក្នុងគោលបំណងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ និងអ្នកដែលពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់បញ្ជូនតាមនីតិវិធីទៅតុលាការគឺគ្មានការយោគយល់អ្វីឡើយ៕
















