សារព័ត៌មាន ប្រជាជនយើង ផ្តល់ព័ត៌មានពិត គ្រប់ទីកន្លែង

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់

-នាថ្ងៃអាទិត្យទី១៧ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
-ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
-ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
-រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ នាថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ កិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា-ថៃ។
-អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ព្រមទាំង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ សាព័ត៌មានប្រជាជនយើង MPN-News